Thursday, February 24, 2011

អនុស្សាវរីយ៍មួយ (ភាគទី ១)

        រល​លក​បោក​ច្រាំង លាន់​សូរ​ប្រាវៗ ទាំង​កណ្តាលរាត្រី ។ យប់​នេះ​ខ្យល់​ខ្លាំង​គួរ​ឲ្យ​រន្ធត់​ជា​ពន់ពេក​។ មាត់​ស​មុ​ទ្យ​ ដែល​ពេល​ថៃ្ង​អូ៑​អរ ពេញ​ទៅដោយ​មនុស្ស​គួរសម​នោះ ពេលនេះ​ក្លាយជា​ស្ងាត់​គួរ​ឲ្យ​ខ្លាច​។ ម៉ោង ១២ កន្លះ រំលង​អា​ធ្រា​តទៅ​ហើយសម​នឹង​នេះ​ជា​ថ្ងៃ​ធម្មតា​ផង មិនសូវមាន​អ្នក​ទេសចរណ៍​ណា​មកលេង​ទេ លុះដល់​យប់​ជ្រៅ​ទៅ​កាន់តែ​ស្ងាត់ជ្រងំ​។ នៅក្រោម​ដើម​ដូង​ប្រប​មាត់​ស​មុ​ទ្យ​មួយ​ដើម ប្រសិន​ណា​ជា​យើង​សំលឹង​ឲ្យ​យូរ​បន្តិច នោះ​យើង​នឹង​បានឃើញ​ស្រមោល​ខ្មៅ​ស្ទង់ៗ​ជាក់​ជាមិនខាន​។ ពេលដែល​យើង​មើល​យូរៗ​ទើប​យើង​អាច​ដឹងបាន​ថា​នេះ​ជា​ស្រមោល​មនុស្ស​ប្រុស​ម្នាក់​។ ដោយសារ​នេះ​ជា​រាត្រី​រនោច យើង​មិនអាច​ដឹង​ពី​ភិនភាគ​បុរស​អាថ៌កំបាំង​នេះ​បានឡើយ​។​មួយសន្ទុះ​ក្រោយមក គេ​ក៏​ដើរ​ចេញពី​ទីនោះ​ទៅ​។​ហេតុអ្វី​ក៏​ពាក់កណ្តាល​អា​ធ្រា​ត បែរ​ជាមាន​មនុស្ស​ចំលែក​បង្ហាញខ្លួន​ទៅវិញ​? គេ​នេះ​ជា​នរណា​ដែរ​បានជា​មក​នៅទីនេះ​ទាំងយប់​ស្ងាត់ជ្រងំ​?......................
       បេនឡាន​ក្រុងព្រះសីហនុ ថ្ងៃនេះ​មិនសូវមាន​មនុស្ស​ទេ ព្រោះ​ថ្ងៃ​ប្រលង​បាក់​ឌុប​ជិត​ឈានចូល​មកដល់​ហើយ បាំង​តែ​ប្រហែល​៣ អាទិ​ត្រ​ទៀត​ប៉ុណ្ណោះ​។ ដូច្នេះ​គេ​មិនសូវ​មក​ដើរលេង​ទេ ដោយសារ​ទុកពេល​សិក្សា​។ ហេតុនេះ​គេ​ដូចជា​មិនសូវ​ឃើញ​យុវជន​ប្លែក​មុខ​ឡើយ​។ ចុះ​ពី​រថយន្តក្រុង​មក​មង្គល ដែល​ហាក់ដូចជា​មិន​ធ្លាប់​នឹង​ការ​ជិះឡាន​ក្រុង​នោះ ត្រូវ​អ្នក​ម៉ូតូឌុប​ប្រទាញប្រទង់​ទៅមក​ទៅមក ដល់​តែ​ទ្រាំ​មិនបាន​គេ​ក៏​ហក់​ឡើង​ម៉ូតូ​មួយ​
ទៅ​។ យើង​សូម​បើក​វង់ក្រចក​បរិយាយ​ពី មង្គល បន្តិច​សិន​។ គេ​មាន អាយុ​១៧​ឆ្នាំ មាន​កំពស់​ប្រហែល 170cm សម្បុរ​ស​ជ្រះ រាងស្តើង សក់ស្លូត​ខ្មៅ​តែ​វែង​បន្តិច ចិ​ញ្ចើ​ម​ក្រាស់ ច្រមុះ​ស្រួច សរុបមក​យើង​អាច​ដឹងថា កំលោះ​នេះ​ក៏មាន​លម្អ​គួរសម​ដែរ​។ មង្គល​ជា​បុត្រ​តែមួយ​របស់លោក​ប្រ​សិ​ដ្ឋ ម្ចាស់​ជំនួញ​ដ៏​ធំ ។ ម្តាយ​របស់គេ​លាចាក​លោក​ជា​យូរណាស់​មកហើយ តាំងពី​នាយ​ទើប​អាយុ​បាន​៥ ឆ្នាំ​ម្ល៉េះ​។ លោក​ប្រ​សិ​ដ្ឋ​ស្រលាញ់​គេ​ណាស់ លោក​មិន​យក​ភរិយា​ថ្មី​ទេ ក៏​មិនដែល​នាំ​ស្រី​ណា​មកជា​គំរូ​អាក្រក់​ដល់​កូន​ដែរ​។ តែ​មង្គល​ប្រសប់​តែងខ្លួន​ណាស់ គេ​ពាក់​អាវយឺត​សាមញ្ញ ស្លៀក​ខោអាវ​ធម្មតា មិនអាច​ឲ្យ​គេ​ចាប់ភ្លឹក​ពី​ឋានៈ​បានឡើយ​។​
      នៅតាម​ផ្លូវ ពូ​ម៉ូតូឌុប​ជា​មនុស្ស​រួសរាយ គាត់​ក៏​ចាប់​សួរ​ទៅ​មង្គល  :
    ​- អឺ ក្មួយ​ចង់ទៅ​ណា​ដែរ​?
   មង្គល​អេះ​អុញ​ព្រោះ​គេ​ឡើង​ម៉ូតូ​នេះ​ដោយ​ប្រថុច​ញុ​ច​ពេក មិនបាន​ប្រា​ប់ពូ​ម៉ូតូឌុប​ពី​គោលដៅ​ដែល​ត្រូវ​ទៅ​។ កំលោះ​អេះ​ក្បាល​និយាយ​
    ​- អឺ​.... ទៅរក​ផ្ទះសំណាក់​ណា​ដែល​នៅ​ជិត​ឆ្នេរសមុទ្រ​ណា​ពូ
    ​- ជិត​ឆ្នេរ​មាន​ច្រើនណាស់ ក្មួយ​ចង់បាន​ប្រភេទ​ណា​ដែរ​?
    ​- ប្រភេទ​ណា​? ពូ​ចង់​និយាយ​ពី​អី​?
    ​- ពូ​ចង់បាន​ន​យ័​ថា ក្មួយ​ចង់រក​អា​ធុន​ល្អ កណ្តាល រឺ ក៏​អន់ៗ ? មើលទៅ​ក្មួយ​មិនសូវមាន​លុយ​ទេ ទៅរក​អា​អន់ៗ​ទៅ​វា​សម​សម្រាប់​​ឋានៈ​ដូច​យើង​ណា​។ ពូ​និយាយ​នេះ មិនមែន​មើលងាយ​ក្មួយ​ទេ គ្រាន់តែ​ពូ​គិតថា​ក្មួយ​មាន​រូបរាង​ដូចជា​សិស្សសាលា មិនសូវមាន​លុយ​ ​យក​ល្អ​កុំ​បង្ហិន​លុយ​ដោយសារ​កន្លែងដេក​អី​។ ពូ​ឃើញ​ច្រើន​មកហើយ អ្នក​ដែល​មកហើយ​ចាយ​មិន​ថាំ ដល់​ទៅវិញ ត្រូវ​ជឿ​ថ្លៃ​ឡាន​គេ​ ​មើលទៅ​វេទនាណាស់​។​
 មាណព​សែន​អស់សំណើច​នឹង​សំដី​របស់​ពូ​ម៉ូតូឌុប គាត់​ជាម​នុស្ស​និយាយ​ត្រង់​គួរ​ឲ្យ​ចូលចិត្ត​។ មង្គល ញញឹម​បញ្ចេញ​ស្នាម​ខួច​ស្រស់ អម​ជាមួយ​សំដី​
    ​- អរគុណ​ហើយ​ពូ ដែល​បាន​ប្រាប់​! ប៉ុន្តែ​ពូ​ទៅរក​កន្លែង​ណា​ល្អ​បន្តិច​ទៅណា ព្រោះ​ខ្ញុំ​មិនសូវ​ចេះ​នៅ​កន្លែង​គគ្រិច​ប៉ុន្មាន​ទេ​...
    ​- តែ​....
    ​- កុំ​បារម្ភ​រឿង​លុយ​អី​ពូ​...​យ៉ាងហោច​ក៏​ខ្ញុំ​មាន​លុយ​ឲ្យ​ថ្លៃ​ម៉ូតូឌុប​ដែរ​។​
 អ្នក​ទាំងពីរ​សើច​ព្រម​គ្នា​។ ពូ​ម៉ូតូឌុប​និយាយ​
    ​- ក្មួយ​នៅ​ក្មេង​ណាស់​មើលទៅ​! ក្មួយ​អាយុ​ប៉ុន្មាន​ហើយ​?
    ​- បាទ ១៧ ឆ្នាំ​ហើយ​។​
    ​- យី​! ទើបតែ ១៧​ឆ្នាំ​ទេ​!!!! ចុះ​ក្មួយ​មក​ម្នាក់ឯង​ទេ​រឺ​?
    ​- បាទ មក​តែម្នាក់ឯង​ទេ​។​
    ​- ចំ​ជា​ហ៊ាន​មែន​! នែក្មួយ ពូ​ប្រាប់​យកតែ​បុណ្យ​ទេ​ណា សព្វថ្ងៃ​ហ្នឹង ចោ​ច្រើនណាស់​។ ពួក​អា​ក្មេងស្ទាវៗ​គេច​សាលា វា​ដើរ​បង្ករ​ចលាចល​​ណាស់ ក្មួយ​ឯង​មក​តែម្នាក់ឯង​អញ្ចឹង ចេះ​ប្រ​យ​ត្ន័​ប្រយែង​ផង​។ រួច​ចុះ​ក្មួយ​មក​ធ្វើ​អី​ដែរ​?
    ​- មក​លំហែរ ដូច​តែ​អ្នក​ឯទៀត​ដែរ​។​
    ​- ក្មេងៗ​ដូច​ក្មួយ ពូ​ឃើញ​ច្រើនតែ​មក​ដើម្បី​រក​ការងារ​ធ្វើ​
    ​- អូ​ហ៍ ប្រហែល​ភាគច្រើន​គេ​មក​អញ្ចឹង​មែន តែ​ខ្ញុំ​មក​ដើម្បី​តែ​លំហែរ​ប៉ុណ្ណោះ​។​
    ​- ក្មួយ​រៀន​ថ្នាក់​ទី​ប៉ុន្មាន​? រឺ ក៏​ឈប់រៀន​ហើយ​?
    ​- ខ្ញុំ​រៀន​ថ្នាក់​ទី ១២
    ​- អ្ហា​ក៍​! ក្រែងគេជិតប្រលងហើយ

(និពន្ធដោយ : ស្រេង រតនា)